ព្រះត្រៃបិដក ភាគ ៥២
កិលេស គ្រឿងខ្វល់ខ្វាយណាមួយ មិនមានដល់បុគ្គលអ្នកមានធម៌ពិចារណាហើយ ជាពហូសូត្រ នុ៎ះឯងជាសុខ អ្នកចូរមើលបុគ្គលអ្នកប្រកបដោយកង្វល់ កំពុងតែលំបាកចំពោះអ្នកផង ច្រើនតែមានសភាពជាប់ចំពាក់ចំពោះអ្នកផង។ សូត្រ ទី៥។
[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង នាងមាណវិកា នៅក្មេង ជាប្រពន្ធបរិព្វាជកម្នាក់ ជាស្ត្រីមានគភ៌ ជិតសម្រាលកូន។ លំដាប់នោះ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជកនោះយ៉ាងនេះថា នែព្រាហ្មណ៍ អ្នកចូរទៅនាំមកនូវប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន។ កាលបើនាងបរិព្វាជិកា និយាយយ៉ាងនេះហើយ បរិព្វាជកនោះ ក៏និយាយនឹងនាងបរិព្វាជិកានេះវិញថា ចុះអញនាំយកប្រេងពីណាមកឲ្យនាង។ នាងបរិព្វាជិកានោះ បាននិយាយនឹងបរិព្វាជកនោះ ជាគំរប់ ២ ដងយ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅនាំប្រេង ដែលជាប្រយោជន៍ដល់ខ្ញុំ សម្រាប់សម្រាលកូន។ បរិព្វាជកនោះ បាននិយាយនឹងនាងបរិព្វាជិកានោះ ជាគំរប់ ២ ដង យ៉ាងនេះថា ចុះអញនាំយកប្រេងពីទីណា មកឲ្យនាង។
ID: 636865066892372964
ទៅកាន់ទំព័រ៖