ព្រះត្រៃបិដក ភាគ ៥២

​ហើយ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧបាសក​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ត្រាស់​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​ឧបាសក​ទាំងឡាយ​ ​ដូចម្តេច​ហ្ន៎​ ​បាន​ជា​អ្នក​ទាំងឡាយ​ ​មាន​សំពត់​ទទឹក​ ​មាន​សក់​ទទឹក​ ​ចូល​មក​ក្នុង​ទីនេះ​ទាំង​ថ្ងៃ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​យ៉ាងនេះ​ហើយ​ ​ឧបាសក​នោះ​ ​បាន​ទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កូនប្រុស​តូច​មួយ​របស់ខ្ញុំ​ព្រះអង្គ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​ធ្វើ​មរណភាព​ទៅ​ ​បាន​ជាពួក​ខ្ញុំ​ព្រះអង្គ​ ​មាន​សំពត់​ទទឹក​ ​មាន​សក់​ទទឹក​ ​ចូល​មក​ក្នុង​ទីនេះ​ទាំង​ថ្ងៃ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ពួក​ទេវតា​ ​និង​ពួក​មនុស្សជា​ច្រើន​ ​ជាប់​ចំពាក់​ដោយ​ការ​ត្រេកត្រអាល​ ​ក្នុង​រូប​ជាទីស្រឡាញ់​ ​ជា​អ្នកមាន​សេចក្តី​ទុក្ខ​ ​និង​សេចក្តី​សាបសូន្យ​ ​លុះ​ក្នុង​អំណាច​មច្ចុរាជ​។​ ​ពួក​ជន​ណា​ ​មិន​ធ្វេសប្រហែស​ទាំងថ្ងៃទាំងយប់​ ​លះបង់​រូប​ ​ជាទីស្រឡាញ់​ ​ពួក​ជន​នោះ​ឯង​ ​ឈ្មោះថា​គាស់រំលើង​ឫសគល់​នៃ​ទុក្ខ​ ​ជា​នុយ​នៃ​មច្ចុ​ ​ដែល​កន្លង​បាន​ដោយ​ក្រ​។​ ​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636865067618084472
ទៅកាន់ទំព័រ៖