ព្រះត្រៃបិដក ភាគ ៥២
ទ្រង់ត្រាស់ប្រាប់ព្រះមហាមោគ្គល្លានដ៏មានអាយុថា ម្នាលមោគ្គល្លាន អ្នកចូរមក អ្នកចូលទៅរកឧបាសកនោះ លុះចូលទៅដល់ហើយ ចូរនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងមានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តឥតមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនអ្នកចាំធ្វើក្រោយ ព្រោះឧបាសកនោះ ជាឧបដ្ឋាករបស់លោកស្រាប់ហើយ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ រួចចូលទៅរកឧបាសកនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងមានសេចក្តីសុខ មិនមានរោគ ប្រសូតបុត្តឥតមានរោគ នាងនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនអ្នកនឹងធ្វើក្រោយ។ ឧបាសកនោះ និយាយថា បពិត្រលោកដ៏ចំរើន បើព្រះមហាមោគ្គល្លានជាម្ចាស់ធានា ចំពោះធម៌ ៣ យ៉ាងគឺ ភោគៈ ១ ជីវិត ១ សទ្ធា ១ សូមឲ្យកោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនខ្ញុំធ្វើក្រោយ។
ID: 636865068968811729
ទៅកាន់ទំព័រ៖