ព្រះត្រៃបិដក ភាគ ៥២
រួចហើយ ឲ្យទារកនោះថ្វាយបង្គំព្រះមានព្រះភាគ និងភិក្ខុសង្ឃ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានសួរទារកនោះ យ៉ាងនេះថា ម្នាលទារក កាលអ្នកនៅក្នុងគភ៌ ល្មមអត់ទ្រាំបានដែរឬ ល្មមប្រព្រឹត្តទៅបានដែរឬ មិនមានទុក្ខតិចតួចទេឬ។ ទារកនោះ ទូលតបថា បពិត្រព្រះសារីបុត្តដ៏ចំរើន ខ្ញុំព្រះករុណា ល្មមអត់ទ្រាំបាន មកពីណា ល្មមប្រព្រឹត្តទៅបាន មកពីណា (ព្រោះ) ខ្ញុំនៅក្នុងផ្ទៃ ប្រឡាក់ដោយឈាមអស់ ៧ ឆ្នាំមកហើយ។ លំដាប់នោះ កោលិយធីតា នាមសុប្បវាសា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយសេចក្តីនឹកកោតថា បុត្តអាត្មាអញ ចេះប្រឹក្សាជាមួយព្រះធម្មសេនាបតីបាន។ លំដាប់នោះ ព្រះមានព្រះភាគ បានជ្រាបថា កោលិយធីតា នាមសុប្បវាសា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សហើយ ទើបត្រាស់នឹងកោលិយធីតា នាមសុប្បវាសា យ៉ាងនេះថា ម្នាលនាងសុប្បវាសា នាងចង់បានបុត្តដទៃបែបនេះ តទៅទៀតដែរឬ។ កោលិយធីតា នាមសុប្បវាសាទូលថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ខ្ញុំម្ចាស់ចង់បានបុត្តដទៃបែបនេះ ៧ នាក់ទៀត។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបបន្លឺនូវឧទាននេះ ក្នុងវេលានោះថា
ID: 636865069357423957
ទៅកាន់ទំព័រ៖