ព្រះត្រៃបិដក ភាគ ៥២
(ប្រយោជន៍ណាមួយ) ដែលនៅក្នុងអំណាចនៃជនដទៃទាំងអស់ នាំមកនូវទុក្ខ ឥស្សរភាពទាំងអស់ នាំមកនូវសុខ សត្វទាំងឡាយដែលជ្រមុជទៅ ក្នុងហេតុនៃទុក្ខទួទៅ តែងនឿយព្រួយ ព្រោះកិលេសជាគ្រឿងប្រកបទាំងឡាយ សត្វកន្លងបានដោយក្រ។ សូត្រ ទី៩។
[៦៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តអម្ពវ័ន ទៀបក្រុងអនុប្បិយា។ សម័យនោះ ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ។ ពួកភិក្ខុជាច្រើនរូប បានឮថា ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនៃនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះដែរ។ លុះពួកភិក្ខុទាំងនោះបានឮហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត ព្រះភទ្ទិយៈដ៏មានអាយុនោះ នឹករលឹកសេចក្តីសុខក្នុងរាជ្យរបស់លោក កាលនៅជាគ្រហស្ថអំពីដើម ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា
ID: 636865069922026250
ទៅកាន់ទំព័រ៖