ព្រះត្រៃបិដក ភាគ ៥២
ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ព្រះភទ្ទិយៈជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត។បេ។ ឱហ្ន៎ សុខអ្វីម៉្លេះ។
[៦៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូប ហើយបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅភទ្ទិយភិក្ខុ តាមពាក្យតថាគតថា នែអាវុសោភទ្ទិយៈ ព្រះសាស្តា ទ្រង់ឲ្យហៅអ្នក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ រួចចូលទៅរកព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធាថា នែអាវុសោភទ្ទិយៈ ព្រះសាស្តាត្រាស់ហៅអ្នក
ID: 636865070187141414
ទៅកាន់ទំព័រ៖