ព្រះត្រៃបិដក ភាគ ៥២
ព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា បានទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំនូវព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទិយៈដ៏មានអាយុ ជាបុត្តនាងសាកិយានី ឈ្មោះកាឡិគោធា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភទ្ទិយៈ បានឮថា អ្នកទោះនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយ ៗ ថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះមែនឬ។ ព្រះភទ្ទិយក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភទ្ទិយៈ អ្នកពិចារណាឃើញអំណាចប្រយោជន៍ដូចម្តេច បានជាចូលទៅនៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានរឿយ ៗ ថា ឱហ្ន៎ សុខអ្វីម៉្លេះ ឱហ្ន៎ សុខអ្វីម៉្លេះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ខ្ញុំព្រះអង្គនៅជាគ្រហស្ថ សោយសុខក្នុងរាជ្យ ការរក្សាខាងក្នុងព្រះរាជវាំង គេបានចាត់ចែងល្អហើយ ការរក្សាខាងក្រៅព្រះរាជវាំង គេក៏ចាត់ចែងល្អហើយ ការរក្សាខាងក្នុងនគរ គេចាត់ចែងល្អហើយ ការរក្សាខាងក្រៅនគរ គេចាត់ចែងល្អហើយ ការរក្សាក្នុងជនបទ គេចាត់ចែងល្អហើយ ការរក្សាខាងក្រៅជនបទ គេចាត់ចែងល្អហើយ។
ID: 636865070404773862
ទៅកាន់ទំព័រ៖