ព្រះត្រៃបិដក ភាគ ៥២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ឯង​ ​ដែលគេ​រក្សា​គ្រប់គ្រង​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​ភ័យ​ ​ភ្ញាក់ផ្អើល​ ​រង្កៀស​តក់ស្លុត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​តែម្នាក់ឯង​ ​ទោះ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ទៀប​គល់ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​ក៏​លែង​ភ័យ​ ​លែង​ភ្ញាក់ផ្អើល​ ​លែង​តក់ស្លុត​ហើយ​ ​ជា​អ្នកមាន​ការ​ខ្វល់ខ្វាយ​តិច​ ​ឥតព្រឺ​ព្រួច​រោម​ ​ចិញ្ចឹមជីវិត​ដោយ​បច្ច័យ​ដែល​អ្នកដទៃ​ឲ្យ​ ​នៅ​ដោយមាន​ចិត្ត​ដូចជា​ពួក​ម្រឹក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ពិចារណា​ឃើញ​អំណាច​ប្រយោជន៍​នេះ​ហើយ​ ​ទោះ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ទៀប​គល់ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​តែង​បន្លឺ​ឧទាន​រឿយ​ៗ​ថា​ ​ឱ​ហ្ន៎​ ​សុខ​អ្វី​ម៉្លេះ​ ​ឱ​ហ្ន៎​ ​សុខ​អ្វី​ម៉្លេះ​ ​ដូច្នេះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នេះ​ហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​សេចក្តី​ក្រោធ​ ​មិន​មាន​ក្នុងចិត្ត​របស់​បុគ្គល​ណា​ ​បុគ្គល​នោះ​ឈ្មោះថា​ ​កន្លង​ផុត​នូវ​សេចក្តី​ចំរើន​ ​និង​សេចក្តី​វិនាស​ ​ទេវតា​ទាំងឡាយ​ ​កម្រ​នឹង​បានឃើញ​បុគ្គល​ដែល​ប្រាសចាក​ភ័យ​ ​បាន​ប្រកបដោយ​សេចក្តី​សុខ​ ​ឥត​សោក​នោះ​ឡើយ​។​ ​សូត្រ​ ​ទី១០​។​

​ចប់​ ​មុ​ច្ច​លិ​ន្ទ​វគ្គ​ ​ទី២​។​ ​

ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636865070683819822
ទៅកាន់ទំព័រ៖