ព្រះត្រៃបិដក ភាគ ៥២
ធម្មតា កំណប់ដែលគេកប់ទុកក្នុងលោក ដើម្បីប្រយោជន៍នេះឯង។ កំណប់ ដែលបុគ្គលកប់ក្នុងទីជ្រៅ មានទីបំផុតទល់នឹងទឹកដល់ម្ល៉ោះ កំណប់ទ្រព្យទាំងអស់នោះ ក៏មិនសម្រេចដល់បុគ្គលនោះសព្វកាលទេ ដ្បិតថា កំណប់ទ្រព្យ រមែងឃ្លាតទៅ ចាកទីខ្លះ សេចក្តីចំណាំរបស់បុគ្គលនោះ រមែងវង្វេងទៅខ្លះ នាគទាំងឡាយ រមែងនាំជញ្ជូនទៅខ្លះ ពុំនោះសោត ពួកយក្សនាំយកទ្រព្យនោះទៅខ្លះ អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ រមែងគាស់យកនូវកំណប់ទ្រព្យនោះ កាលខ្លួនមិនបានឃើញខ្លះ ខ្លួនអស់បុណ្យទៅវេលាណា កំណប់ទ្រព្យទាំងអស់នោះ រមែងវិនាសបាត់បង់ទៅក្នុងវេលានោះ។ កំណប់ទ្រព្យ ដែលស្ត្រី ឬបុរសណា បានកប់ទុកល្អហើយដោយទាន សីល ដោយការសង្រួម និងដោយការទូន្មានខ្លួន ក្នុងចេតិយ ឬក្នុងសង្ឃ ឬក្នុងបុគ្គល ឬក្នុងពួកភ្ញៀវ ឬមួយក្នុងមាតា ក្នុងបិតា ឬថាក្នុងបងប្រុស-ស្រីដែលជាច្បង កំណប់ទ្រព្យនុ៎ះ ចាត់ជាកំណប់ទ្រព្យដែលកប់ទុកប្រពៃហើយ នរណា ៗ មិនគប្បីផ្ចាញ់បាន ជាកំណប់ទ្រព្យ ដែលជាប់តាមខ្លួនទៅ កាលភោគៈទាំងឡាយដែលខ្លួនត្រូវលះបង់ហើយទៅ ខ្លួនរមែងកាន់យកនូវកំណប់ទ្រព្យ គឺបុណ្យនុ៎ះទៅ
ID: 636864790895816864
ទៅកាន់ទំព័រ៖