ព្រះត្រៃបិដក ភាគ ៥២
ភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះនន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះនន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោនន្ទ ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក។ ព្រះនន្ទដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះនន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលនន្ទ បានឮថា អ្នកបាននិយាយប្រាប់ពួកភិក្ខុច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រេកអរ។បេ។ ខ្ញុំមុខជានឹងត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញដូច្នេះ ពិតមែនឬ។ ព្រះនន្ទក្រាបទូលថា ព្រះករុណា ព្រះអង្គ ពិតមែន។ ម្នាលនន្ទ ព្រោះហេតុអ្វី បានជាអ្នកមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ មិនអាចទ្រទ្រង់ព្រហ្មចរិយៈ នឹងពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គចេញមកអំពីផ្ទះ នាងសាកិយានីជនបទកល្យាណី កំពុងតែស្អិតស្អាងសក់បានពាក់កណ្តាល បានស្រែកផ្តាំខ្ញុំព្រះអង្គដូច្នេះថា បពិត្រព្រះអយ្យបុត្ត សូមទ្រង់ត្រឡប់មកវិញឆាប់ៗ ណា៎។
ID: 636865072153113861
ទៅកាន់ទំព័រ៖