ព្រះត្រៃបិដក ភាគ ៥២
បានឮថា ព្រះមានព្រះភាគ ជាអ្នកធានា ឲ្យលោកបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាប។
[៦៩] លំដាប់នោះ ពួកភិក្ខុជាសំឡាញ់ព្រះនន្ទដ៏មានអាយុ តែងហៅរកព្រះនន្ទដ៏មានអាយុ ដោយពាក្យថា ព្រះនន្ទជាអ្នកស៊ីឈ្នួលផង ដោយពាក្យថា ព្រះនន្ទ គឺព្រះមានព្រះភាគជួលហើយផង បានឮថា ព្រះនន្ទដ៏មានអាយុ ជាអ្នកស៊ីឈ្នួល បានឮថា ព្រះនន្ទដ៏មានអាយុ ព្រះមានព្រះភាគជួលហើយ ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុតែពួកស្ត្រីទេពអប្សរ បានឮថា ព្រះមានព្រះភាគ ទ្រង់ធានាឲ្យលោកបានពួកស្ត្រីទេពអប្សរទាំង ៥០០ រូប ដែលមានសម្បុរដូចជាសម្បុរជើងព្រាប។ លំដាប់នោះ ព្រះនន្ទដ៏មានអាយុ នឿយណាយធុញទ្រាន់ ជិនឆ្អន់នឹងពាក្យរបស់ពួកភិក្ខុជាសំឡាញ់ ដែលនិយាយថា លោកជាអ្នកស៊ីឈ្នួលផង និងពាក្យថា លោក គឺព្រះមានព្រះភាគជួលហើយផង ក៏គេចចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរគុណណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចអនុត្តរគុណនោះ មានព្រហ្មចរិយៈជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន
ID: 636865072860064296
ទៅកាន់ទំព័រ៖