ព្រះត្រៃបិដក ភាគ ៥២
ឯអន្តរាកថានេះ ពួកភិក្ខុទាំងនោះ ក៏ពុំទាន់ធ្វើឲ្យចប់ស្រេចនៅឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកការសម្ងំ ក្នុងផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយទ្រង់ចូលទៅកាន់រោងឈ្មោះករេរិមណ្ឌល លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើមិនទាន់ចប់។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពួកខ្ញុំព្រះអង្គ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងរោងឈ្មោះករេរិមណ្ឌលនេះ អន្តរាកថានេះ កើតឡើងថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបាត កាលត្រាច់ទៅបិណ្ឌបាត តែងបានឃើញរូបទាំងឡាយ ដែលជាទីគាប់ចិត្តដោយភ្នែក មួយដងមួយកាល បានឮសំឡេងទាំងឡាយ ដែលជាទីគាប់ចិត្តដោយត្រចៀក មួយដងមួយកាល បានធុំក្លិនទាំងឡាយ ដែលជាទីគាប់ចិត្តដោយច្រមុះ មួយដងមួយកាល បានទទួលរសទាំងឡាយ ដែលជាទីគាប់ចិត្តដោយអណ្តាត មួយដងមួយកាល បានប៉ះពាល់ផ្សព្វទាំងឡាយ ដែលជាទីគាប់ចិត្តដោយកាយ មួយដងមួយកាល
ID: 636865077942464993
ទៅកាន់ទំព័រ៖