ព្រះត្រៃបិដក ភាគ ៥២
លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាដូចម្តេច អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយធ្វើមិនទាន់ចប់ស្រេចនៅឡើយ។ ពួកភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលពួកខ្ញុំព្រះអង្គត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់អង្គុយនេះ អន្តរាកថាកើតឡើងថា ម្នាលអាវុសោទាំងឡាយ អ្នកណាហ្ន៎ ដឹងសិល្បៈ អ្នកណាជាអ្នកសិក្សាសិល្បៈអ្វី បណ្តាសិល្បៈទាំងឡាយ សិល្បៈណាប្រសើរជាង។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈដំរីប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងសេះប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងរថប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងធ្នូប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងអាវុធប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងដៃទទេប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយយ៉ាងនេះថា បណ្តាសិល្បៈទាំងឡាយ សិល្បៈក្នុងការរាប់ជាលំដាប់ ប្រសើរជាង។
ID: 636865079657623094
ទៅកាន់ទំព័រ៖