ព្រះត្រៃបិដក ភាគ ៥២
ចាកអាការនោះ សត្វលោក ជាប់ចំពាក់ក្នុងភព ត្រូវភពគ្របសង្កត់ មានការប្រែក្លាយជាធម្មតា តែងត្រេកត្រអាលនឹងភព។ សត្វត្រេកអរនឹងរបស់ណា របស់នោះ ជាភ័យ ខ្លាចចំពោះរបស់ណា របស់នោះជាទុក្ខ មានតែបុគ្គលប្រព្រឹត្តមគ្គព្រហ្មចរិយៈនេះ ទើបលះបង់ភពបាន។ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ពោលនូវការរួចចាកភពដោយភព (សស្សតទិដ្ឋិ) ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តថាគត ពោលថាមិនផុតស្រឡះចាកភពឡើយ។ មួយទៀត ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ពោលនូវការរលាស់ចាកភពដោយវិភព (ឧច្ឆេទទិដ្ឋិ) ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តថាគតពោលថា មិនរលាស់ចេញចាកភពបានឡើយ។ ព្រោះថាទុក្ខនេះ កើតមានព្រោះអាស្រ័យឧបធិទាំងពួង ការកើតទុក្ខ មិនមាន ព្រោះអស់ឧបាទានទាំងពួង។ អ្នកចូរមើលលោកនេះចុះ ពួកសត្វក្តី អ្នកត្រេកអរក្នុងពួកសត្វក្តី ដែលអវិជ្ជាដ៏ក្រាស់ គ្របសង្កត់ហើយ មិនរួចស្រឡះ (ចាកទុក្ខ) បានឡើយ។
ID: 636865080412576275
ទៅកាន់ទំព័រ៖