ព្រះត្រៃបិដក ភាគ ៥២
ឧទាន មេឃិយវគ្គ ទី៤
[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបចាលិកបព៌ត ជិតក្រុងចាលិកា។ សម័យនោះឯង ព្រះមេឃិយៈដ៏មានអាយុ ជាអ្នកបំរើព្រះមានព្រះភាគ។ គ្រានោះ ព្រះមេឃិយៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ ឋិតនៅក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់ចូលទៅបិណ្ឌបាតក្នុងជន្តុគ្រាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតឯជន្តុគ្រាម។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងជន្តុគ្រាមរួច ត្រឡប់មកអំពីបិណ្ឌបាតក្នុងវេលាខាងក្រោយភត្តវិញ ហើយចូលទៅឯឆ្នេរស្ទឹងកិមិកាឡា លុះចូលទៅដល់ហើយ ក៏ដើរទៅដើរមក សម្រាកស្មង ប្របឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយគួរជាទីជ្រះថ្លា គួររីករាយ
ID: 636865087216985465
ទៅកាន់ទំព័រ៖