ព្រះត្រៃបិដក ភាគ ៥២
ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកមានសីល សង្រួមហើយដោយការសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាព យ៉ាងនេះ គឺ អប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម្យ៉ាង ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមេឃិយៈ គុណជាតនុ៎ះ រមែងកើតប្រាកដ ដល់ភិក្ខុដែលមានមិត្តល្អ
ID: 636865088838248196
ទៅកាន់ទំព័រ៖