ព្រះត្រៃបិដក ភាគ ៥២

​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​វិតក្កៈ​ទាំងឡាយ​ដ៏​ថោកទាប​ ​វិតក្កៈ​ទាំងឡាយ​ដ៏​ល្អិត​ ​ដែល​ចិត្ត​ប្រព្រឹត្តទៅ​តាម​ហើយ​ ​ធ្វើ​ចិត្ត​ឲ្យ​ឆ្មើងកន្ទ្រើង​ ​បុគ្គល​មិនដឹង​ច្បាស់​សេចក្តី​ត្រិះរិះ​នៃ​ចិត្ត​ទាំង​នុ៎ះ​ទេ​ ​ជា​អ្នកមាន​ចិត្ត​ភ្ញាក់ផ្អើល​ ​ស្ទុះ​ទៅ​ស្ទុះ​មក​ ​កាន់​អា​រម្ម​ណ៍​ផ្សេង​ៗ​។​ ​ឯ​អ្នកប្រាជ្ញ​ ​ដឹង​ច្បាស់​សេចក្តី​ត្រិះរិះ​ ​នៃ​ចិត្ត​ទាំង​នុ៎ះហើយ​ ​ជា​អ្នកមាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​ ​បំផ្លាញ​កិលេស​ ​មានស្មារតី​ ​បិទ​ខ្ទប់​វិតក្កៈ​ទាំងឡាយ​ ​ដែល​ចិត្ត​ប្រព្រឹត្តទៅ​តាម​ ​ហើយ​ធ្វើ​ចិត្ត​ឲ្យ​ឆ្មើងកន្ទ្រើង​ ​លះបង់​វិតក្កៈ​ទាំង​នុ៎ះ​ ​មិន​ឲ្យ​សេសសល់​។​ ​សូត្រ​ ​ទី១​។​

 [​៩០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​សាល​វន​ឧទ្យាន​ ​របស់​មល្ល​ក្សត្រិយ៍​ ​ជាទី​ប្រព្រឹត្តិ​ចូល​ទៅ​ជិត​ក្រុង​កុសិនារា​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​នៅក្នុង​តូប​ដែលគេ​ធ្វើ​ក្នុង​ព្រៃ​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​ជា​អ្នកមាន​ចិត្ត​អណ្តែត​អណ្តូង​លើក​កំពស់​ ​មានចិត្ត​ឃ្លេងឃ្លោង​ ​មាន​មាត់រឹង​ ​មានសំដី​ផ្តេសផ្តាស​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​មិនបាន​តាំងចិត្ត​មាំមួន​ ​មានចិត្ត​ភ្ញាក់ផ្អើល​ ​មាន​ឥន្ទ្រិយ​ដ៏​ប្រាកដ​ ​(​មិន​សង្រួម​ឥន្ទ្រិយ​)​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636865089343737108
ទៅកាន់ទំព័រ៖