ព្រះត្រៃបិដក ភាគ ៥២
លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះនាយគោបាលនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់សំដែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា។ គ្រានោះ នាយគោបាលនោះ លុះព្រះមានព្រះភាគទ្រង់សំដែងពន្យល់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លុះនាយគោបាលនោះ បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ លំដាប់នោះ នាយគោបាលនោះ លុះកន្លងរាត្រីនោះហើយ បានឲ្យមនុស្សតាក់តែង អប្បោទកបាយាស (បាយាសមានទឹកតិច) និងទឹកដោះថ្លាដ៏ថ្មីជាច្រើន ក្នុងលំនៅរបស់ខ្លួន ហើយឲ្យមនុស្សទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលល្មមហើយ ទាំងភត្តសោត ក៏ស្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយយាងចូលទៅកាន់លំនៅ របស់នាយគោបាលនោះ ជាមួយភិក្ខុសង្ឃ
ID: 636865089812813938
ទៅកាន់ទំព័រ៖