ព្រះត្រៃបិដក ភាគ ៥២
ដំរីទាំងនោះ ស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ហើយផង អញផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ដើរត្រដុសកាយផង អញនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរអញគេចចេញពីហ្វូង នៅម្នាក់ឯងវិញចុះ។ លំដាប់នោះ ដំរីដ៏ប្រសើរនោះ ដើរគេចចេញពីហ្វូង ហើយចូលទៅរកព្រះមានព្រះភាគ ដែលទ្រង់គង់នៅក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃឈ្មោះរក្ខិតៈ ជិតបាលិលេយ្យកប្រទេស លុះចូលទៅដល់ហើយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រទេសណា បានឮថា ដំរីដ៏ប្រសើរនោះ ក៏ធ្វើប្រទេសនោះ មិនឲ្យមានស្មៅស្រស់ ទាំងដម្កល់ទឹកឆាន់ ទឹកប្រើ ថ្វាយព្រះមានព្រះភាគ ដោយប្រមោយ។
[៩៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅសម្ងំ ក្នុងទីស្ងាត់ ទ្រង់មានព្រះទ័យបរិវិតក្កៈ កើតឡើងយ៉ាងនេះថា កាលមុន តថាគតបាននៅច្រឡូកច្រឡំ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយ តថាគតនៅច្រឡូកច្រឡំ ជាទុក្ខ មិនសប្បាយឡើយ។ ឥឡូវនេះ តថាគត មិនបាននៅច្រឡូកច្រឡំដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច
ID: 636865092043501526
ទៅកាន់ទំព័រ៖