ព្រះត្រៃបិដក ភាគ ៥២
អមាត្យធំរបស់ស្តេច តិរ្ថិយ និងពួកសាវ័ករបស់តិរ្ថិយឡើយ តថាគត មិនបាននៅច្រឡូកច្រឡំ ក៏បានសេចក្តីសុខសប្បាយ។ ដំរីដ៏ប្រសើរនោះ មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា កាលមុន អញបាននៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរីតូចៗ ហើយអញបានស៊ីស្មៅទាំងឡាយ ដែលពួកដំរីទាំងនោះ ច្រឹបចុងហើយផង ពួកដំរីទាំងនោះស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ហើយផង អញបានផឹកទឹកទាំងឡាយដ៏ល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ដើរត្រដុសកាយផង អញនៅច្រឡូកច្រឡំជាទុក្ខ មិនសប្បាយឡើយ។ ឥឡូវនេះ អញនោះ មិននៅច្រឡូកច្រឡំ ដោយពួកដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅទាំងឡាយ ដែលពួកដំរីទាំងនោះ មិនបានច្រឹបចុងហើយផង ពួកដំរីទាំងនោះ ក៏មិនស៊ីមែកឈើបាក់ ដែលអញកាច់បំបាក់ផង អញផឹកទឹកទាំងឡាយមិនល្អក់ផង កាលបើអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី ក៏មិនដើរត្រដុសកាយផង អញមិននៅច្រឡូកច្រឡំ ក៏បានសេចក្តីសុខសប្បាយ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីស្ងប់ស្ងាត់របស់ព្រះអង្គ និងបានជ្រាបច្បាស់បរិវិតក្កៈ ក្នុងចិត្តរបស់ដំរីដ៏ប្រសើរនោះ ដោយព្រះទ័យនៃព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ID: 636865092282595201
ទៅកាន់ទំព័រ៖