ព្រះត្រៃបិដក ភាគ ៥២
កិរិយាមិនតិះដៀល ១ កិរិយាមិនបៀតបៀនគេ ១ កិរិយាសង្រួមក្នុងបាតិមោក្ខ ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ ១ ទីដេកទីអង្គុយដ៏ស្ងាត់ ១ កិរិយាបំពេញព្យាយាម ក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។ សូត្រ ទី៦។
[១០១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ ជាអ្នកមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រាព្ធព្យាយាម ប្រកបរឿយ ៗ នូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ ជាអ្នកមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីស្ងប់ស្ងាត់ មិននៅលាយឡំដោយពួក ប្រារព្ធព្យាយាម ប្រកបរឿយៗនូវអធិចិត្ត អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ID: 636865092797244638
ទៅកាន់ទំព័រ៖