ព្រះត្រៃបិដក ភាគ ៥២
មានអានុភាពច្រើនផង រស់នៅក៏ចំរើន ស្លាប់ក៏ចំរើន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះឧបសេនវង្គន្តបុត្តដ៏មានអាយុ ដោយព្រះទ័យរបស់ព្រះអង្គហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ជីវិតរបស់បុគ្គលណា មិនក្តៅក្រហាយ បុគ្គលនោះ រមែងមិនសោកក្នុងកាលជិតស្លាប់ ប្រសិនបើអ្នកប្រាជ្ញនោះឯង បានឃើញបទ គឺព្រះនិព្វាន រមែងមិនសោក ក្នុងកណ្តាលពួកអ្នកសោកឡើយ។ ភិក្ខុបានគាស់រំលើងតណ្ហាក្នុងភព មានចិត្តស្ងប់ មានជាតិសំសារអស់ហើយ ភពថ្មីទៀតមិនមានដល់ភិក្ខុហើយ។ សូត្រ ទី៩។
[១០៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ពិចារណាការស្ងប់រម្ងាប់របស់ខ្លួន ក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះសារីបុត្តដ៏មានអាយុ អង្គុយផ្គត់ភ្នែន តម្រង់កាយត្រង់ ពិចារណាការស្ងប់រម្ងាប់របស់ខ្លួន ក្នុងទីជិតព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់បានជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា។
ID: 636865095097776221
ទៅកាន់ទំព័រ៖