ព្រះត្រៃបិដក ភាគ ៥២
ឧទាន សោណត្ថេរវគ្គ ទី៥
[១១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះបាទបសេនទិកោសល គង់នៅខាងលើប្រាសាទដ៏ប្រសើរ ជាមួយនឹងព្រះនាងមល្លិកាទេវី។ គ្រានោះ ព្រះរាជាបសេនទិកោសល ទ្រង់សួរព្រះនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួននៃនាងមានដែរឬ។ បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនរបស់ខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួនព្រះអង្គ មានដែរឬ។ ម្នាលនាងមល្លិកា បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃយើង មិនមានទេ។ លំដាប់នោះ ព្រះរាជាបសេទិកោសល ទ្រង់យាងចុះអំពីប្រាសាទហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះរាជាបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ដំណាលសេចក្តីនេះ ទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គនៅខាងលើប្រាសាទដ៏ប្រសើរ ជាមួយនឹងនាងមល្លិកាទេវី
ID: 636865095651537894
ទៅកាន់ទំព័រ៖