ព្រះត្រៃបិដក ភាគ ៥២
ហើយសួរនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា ចុះបុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃនាង មានដែរឬ លុះខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ ទើបនាងមល្លិកាទេវីតបថា បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួនខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ ជាងខ្លួនព្រះអង្គ មានដែរឬ បពិត្រព្រះអង្គដ៏ចំរើន លុះនាងមល្លិកាទេវី សួរយ៉ាងនេះរួចហើយ ខ្ញុំព្រះអង្គឆ្លើយនឹងនាងមល្លិកាទេវីថា ម្នាលនាងមល្លិកា បុគ្គលដទៃណាមួយ ជាទីស្រឡាញ់ជាងខ្លួននៃយើង មិនមានទេ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បុគ្គលមានចិត្តរំពឹងរកគ្រប់ទិស ក៏មិនបានបុគ្គលជាទីស្រលាញ់ជាងខ្លួន ក្នុងទីណាឡើយ ចំណែកខ្លួននោះ ទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនេះ ព្រោះហេតុនោះ បុគ្គលអ្នកស្រលាញ់ខ្លួន មិនត្រូវបៀតបៀនបុគ្គលដទៃឡើយ។ សូត្រ ទី១។
[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ
ID: 636865095935374128
ទៅកាន់ទំព័រ៖