ព្រះត្រៃបិដក ភាគ ៥២
ព្រះសមណៈគោតមនេះ ទ្រង់សំដែងធម៌ ក្នុងកណ្តាលបរិស័ទ បើដូច្នោះ គួរតែអាត្មាអញស្តាប់ធម៌ដែរ គាត់ក៏អង្គុយក្នុងទីសមគួរក្នុងទីនោះ គិតថា អាត្មាអញ នឹងស្តាប់ធម៌ដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុកក្នុងព្រះទ័យ កំណត់ចិត្តបរិស័ទទាំងអស់ ដោយព្រះហឫទ័យថា នរណាហ្ន៎ គួរត្រាស់ដឹងធម៌ក្នុងទីនេះបាន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញសុប្បពុទ្ធកុដ្ឋិ ដែលអង្គុយក្នុងបរិស័ទនោះ លុះទ្រង់ឃើញហើយ ព្រះមានព្រះភាគ ត្រិះរិះថា សុប្បពុទ្ធកុដ្ឋិនេះឯង គួរដើម្បីដឹងធម៌បានក្នុងទីនេះ ទើបទ្រង់សំដែងអនុបុព្វីកថា ប្រារព្ធសុប្បពុទ្ធកុដ្ឋិ គឺទ្រង់ប្រកាសទានកថា សីលកថា សគ្គកថា ទោសដ៏លាមកសៅហ្មងនៃកាមគុណ និងអានិសង្សក្នុងការចេញបួស។ ព្រះមានព្រះភាគ បានជ្រាបថា សុប្បពុទ្ធកុដ្ឋិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លាក្នុងកាលណាហើយ ទ្រង់ប្រកាសធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែងព្រះអង្គឯង គឺសំដែងទុក្ខសមុទយ និរោធ និងមគ្គ ក្នុងកាលនោះ។ ធម្មចក្ខុ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើងដល់សុប្បពុទ្ធកុដ្ឋិ ក្នុងទីអង្គុយនោះថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតាដូច្នេះ ដូចសំពត់សស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលគ្រឿងជ្រលក់បានដោយប្រពៃ យ៉ាងដូច្នោះឯង។
ID: 636865096561419936
ទៅកាន់ទំព័រ៖