ព្រះត្រៃបិដក ភាគ ៥២
លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ទេវបុត្តនោះ ក៏រុងរឿង កន្លងលើសពួកទេវតាឯទៀត ក្នុងទីនោះ ដោយពណ៌សម្បុរផង ដោយយសបរិវារផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្របសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
បណ្ឌិតគប្បីវៀរស្រឡះកម្មដ៏លាមក ក្នុងជីវលោកចេញ ដូចបុរសមានចក្ខុ វៀរស្រឡះទីមិនស្មើ ក្នុងកាលដែលដើរទៅ។ សូត្រ ទី៣។
[១១៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកកុមារច្រើន កំពុងចាប់ត្រី ក្នុងចន្លោះក្រុងសាវត្ថី និងវត្តជេតពន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ព្រះមានព្រះភាគ ទ្រង់ទតឃើញនូវពួកកុមារច្រើននាក់ទាំងនោះ កំពុងចាប់ត្រី ក្នុងចន្លោះក្រុងសាវត្ថី និងវត្តជេតពន លុះឃើញហើយ ទើបទ្រង់ឆៀងចូលទៅរកពួកកុមារទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់សួរពួកកុមារទាំងនោះថា ម្នាលកុមារទាំងឡាយ អ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខឬ សេចក្តីទុក្ខ មិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេឬ។
ID: 636865097502353755
ទៅកាន់ទំព័រ៖