ព្រះត្រៃបិដក ភាគ ៥២
ព្រះករុណា ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ខ្លាចសេចក្តីទុក្ខដែរ សេចក្តីទុក្ខ មិនជាទីស្រឡាញ់ របស់ខ្ញុំព្រះអង្គទាំងឡាយទេ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានេះថា
បើអ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខ បើសេចក្តីទុក្ខ មិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ កុំធ្វើបាបកម្ម ក្នុងទីវាល ឬក្នុងទីកំបាំងឡើយ ប្រសិនបើអ្នកទាំងឡាយនឹងធ្វើ ឬកំពុងធ្វើបាបកម្ម សូម្បីអ្នកទាំងឡាយ គេចរត់ទៅ ក៏មិនរួចចាកទុក្ខឡើយ។ សូត្រ ទី៤។
[១១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទមិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង នាថ្ងៃឧបោសថនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងរោងឧបោសថនោះ។ លុះវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើចីវរ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំ ទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីបឋមយាម កន្លងហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ពួកភិក្ខុ។
ID: 636865097777639500
ទៅកាន់ទំព័រ៖