ព្រះត្រៃបិដក ភាគ ៥២
ផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀង រមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង។
បុគ្គលអ្នកធ្វើបាប តែងសោកស្តាយក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះ ១ ក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងសោកស្តាយ ក្តៅក្រហាយ ព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន។
បុគ្គលអ្នកធ្វើអំពើបាប តែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺក្តៅក្រហាយក្នុងលោកនេះ ១ ក្តៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្តៅក្រហាយដោយគិតឃើញថា បាប អញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្តៅក្រហាយដ៏ក្រៃលែង។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរក្នុងលោកទាំងពីរ គឺត្រេកអរក្នុងលោកនេះ ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងត្រេកអរដោយគិតឃើញថា បុណ្យ អញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង។
ID: 636864794237347988
ទៅកាន់ទំព័រ៖