ព្រះត្រៃបិដក ភាគ ៥២
ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្តងទេ ដូចជាមហាសមុទ្រ ដែលមានទីទំនាបដោយលំដាប់ មានទីជម្រាល ដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅស្រឡូង ទៅតែម្តង ដូចអណ្តូងទេ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ តែងមានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្តង ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។
ម្នាលភិក្ខុទាំងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្តដល់សាវ័កទាំងឡាយហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទឡើយ ដូចមហាសមុទ្រ ដែលមានទឹកនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបានដូច្នោះឯង ម្នាលភិក្ខុទំាងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្ត ដល់សាវ័កទំាងឡាយហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះ ដោយសភាពណា
ID: 636865099854238275
ទៅកាន់ទំព័រ៖