ព្រះត្រៃបិដក ភាគ ៥២
ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី ៤ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញដោយភិក្ខុទាំងនោះឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកទន្លេទាំងឡាយណាមួយក្នុងលោក ហូរស្រោចចុះទៅកាន់មហាសមុទ្រក្តី ធារទឹកភ្លៀងទាំងឡាយណា ដែលធ្លាក់ចុះមកចាកអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដថាជាស្រក ឬពេញដោយទឹកនោះ ដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ ទុកជាពួកភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញ ដោយភិក្ខុទាំងនោះ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី ៥ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម្មវិន័យនេះ។
ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរស់តែមួយ គឺវិមុត្តិរស ដូចមហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរសតែមួយ គឺវិមុត្តិរស ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពអស្ចារ្យ ដែលកើតចំឡែកទី ៦ ក្នុងធម្មវិន័យនេះ
ID: 636865100474503752
ទៅកាន់ទំព័រ៖