ព្រះត្រៃបិដក ភាគ ៥២
[១២០] លុះឧបាសក និយាយយ៉ាងនេះហើយ ទើបមហាកច្ចានៈដ៏មានអាយុ ពោលតបនឹងឧបាសក ឈ្មោះសោណកុដិកណ្ណៈដូច្នេះថា នែសោណៈ ព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង ដរាបដល់អស់មួយជីវិត កម្របុគ្គលនឹងធ្វើបាន នែសោណៈ ណ្ហើយចុះ អ្នកនៅជាគ្រហស្ថ ក្នុងទីនោះបណ្តើរសិនចុះ ចូរប្រកបតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង សមគួរតាមកាលចុះ។ លំដាប់នោះ ការប្រុងប្រៀបនឹងបួសរបស់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ក៏អាក់ខានទៅ។ ឧបាសកសោណកុដិកណ្ណៈ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្ត អស់វារៈពីរដងថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធ ពេញលេញ ដូចជាស័ង្ខ ដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
ID: 636865101774228092
ទៅកាន់ទំព័រ៖