ព្រះត្រៃបិដក ភាគ ៥២
ឧបាសកឈ្មោះសោណកុដិកណ្ណៈ ចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំមហាកច្ចានៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ អស់វារៈពីរដង។ លុះឧបាសកឈ្មោះសោណកុដិកណ្ណៈ អង្គុយក្នុងទីសមគួរហើយ ពិតថេរវាចាមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន អម្បាញ់មិញនេះ ខ្ញុំនៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា លោកម្ចាស់មហាកច្ចានៈ សំដែងធម៌ ដោយអាការណា បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ (ដោយអាការនោះ ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំឲ្យទាន។ ព្រះមហាកច្ចានៈដ៏មានអាយុ និយាយប្រាប់ឧបាសកឈ្មោះសោណកុដិកណ្ណៈ ធ្វើអស់វារៈពីរដងថា នែសោណៈ ព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង ដរាបដល់អស់ជីវិត កម្របុគ្គលធ្វើបាន នែសោណៈ ណ្ហើយចុះ អ្នកនៅជាគ្រហស្ថក្នុងទីនេះបណ្តើរសិនចុះ ចូរប្រកបតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រហ្មចរិយៈ មានការបរិភោគភត្តតែមួយពេល មានការដេកនៅតែម្នាក់ឯង សមគួរដល់កាលចុះ។
ID: 636865102032312853
ទៅកាន់ទំព័រ៖