ព្រះត្រៃបិដក ភាគ ៥២
បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធពេញលេញ ដូចជាស័ង្ខដែលដុសខាត់ហើយ (ដោយអាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំឲ្យទាន។ លំដាប់នោះ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏បំបួសឧបាសក ឈ្មោះសោណកុដិកណ្ណៈ (ក្នុងកាលនោះ)។
[១២១] សម័យនោះឯង អវន្តិទក្ខិណាបថជនបទ មានភិក្ខុតិច។ វេលានោះ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏ប្រជុំភិក្ខុសង្ឃ ទសវគ្គ អំពីគាមនិគមនោះ ៗ ដោយកាលកន្លងទៅ ៣ ឆ្នាំ ដោយក្រលំបាក ហើយឲ្យសោណៈដ៏មានអាយុបានឧបសម្បទា។ គ្រានោះ ព្រះសោណៈដ៏មានអាយុ នៅចាំវស្សារួចហើយ នៅក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តីត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា អញមិនដែលឃើញព្រះមានព្រះភាគព្រះអង្គនោះ ក្នុងទីចំពោះមុខសោះ អញគ្រាន់តែឮថា ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់មានសភាព ដូច្នេះខ្លះ ៗ ប្រសិនបើ ព្រះឧបជ្ឈាយ៍អនុញ្ញាតអញ ៗ គួរតែទៅគាល់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
ID: 636865102410864505
ទៅកាន់ទំព័រ៖