ព្រះត្រៃបិដក ភាគ ៥២
លោកចូរសួរសេចក្តីមិនមានអាពាធ មិនមានទុក្ខ ការក្រោកឡើងដោយរហ័សរហួន កំឡាំងកាយ និងការនៅជាសុខសប្បាយផង។ សោណភិក្ខុដ៏មានអាយុ ទទួលថា ព្រះករុណា លោកម្ចាស់ ហើយត្រេកអរ រីករាយនឹងភាសិតរបស់មហាកច្ចានៈដ៏មានអាយុ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ ធ្វើប្រទក្សិណ ទុកដាក់សេនាសនៈ កាន់យកបាត្រ ចីវរហើយ ចេញទៅកាន់ចារិក ក្នុងក្រុងសាវត្ថី កាលត្រាច់ទៅកាន់ចារិកតាមលំដាប់ សំដៅទៅឯក្រុងសាវត្ថី នាវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសោណភិក្ខុដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមហាកច្ចានៈដ៏មានអាយុ ជាឧបជ្ឈាយ៍នៃខ្ញុំព្រះអង្គ ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគដោយត្បូង សួរសេចក្តីមិនមានអាពាធ មិនមានទុក្ខ ការក្រោកឡើងរហ័សរហួន កំឡាំងកាយ និងការនៅជាសុខសប្បាយផង។ ព្រះមានព្រះភាគ ទ្រង់សួរថា ម្នាលភិក្ខុ អ្នកគួរអត់ធន់បានដែរឬ គួរឲ្យប្រព្រឹត្តទៅបានដែរឬ អ្នកមកតាមផ្លូវ កាន់ផ្លូវឆ្ងាយ មិនលំបាកទេឬ ទាំងមិនលំបាកដោយចង្ហាន់ទេឬ។
ID: 636865102812857498
ទៅកាន់ទំព័រ៖