ព្រះត្រៃបិដក ភាគ ៥២
បពិត្រព្រះមានព្រះភាគ គួរអត់ធន់បាន បពិត្រព្រះមានព្រះភាគ គួរឲ្យប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមកតាមផ្លូវ កាន់ផ្លូវឆ្ងាយ មិនលំបាកទេ ទាំងមិនលំបាកដោយចង្ហាន់បិណ្ឌបាតឡើយ។
[១២២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ អ្នកចូរក្រាលសេនាសនៈ សម្រាប់អាគន្តុកភិក្ខុនេះផងចុះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះថា ព្រះមានព្រះភាគ ទ្រង់បង្គាប់អញ ឲ្យក្រាលអាសនៈសម្រាប់ភិក្ខុណា ដោយព្រះពុទ្ធដីកាថា អ្នកចូរក្រាលសេនាសនៈ សម្រាប់អាគន្តុកភិក្ខុនេះផងចុះ ព្រះមានព្រះភាគ ប៉ងនឹងគង់នៅក្នុងលំនៅមួយ ជាមួយនឹងភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ប៉ងនឹងគង់នៅក្នុងលំនៅមួយ ជាមួយនឹងសោណភិក្ខុដ៏មានអាយុ។ ព្រះមានព្រះភាគ ទ្រង់ប្រថាប់ក្នុងលំនៅណា អានន្ទក៏ក្រាលសេនាសនៈ សម្រាប់សោណភិក្ខុដ៏មានអាយុ ក្នុងលំនៅនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ផ្ទំនៅក្នុងទីវាល អស់វេលាយប់ជ្រៅ លុះកន្លងវេលាហើយ ក៏លាងព្រះបាទហើយ ចូលទៅកាន់វិហារ។ ឯសោណភិក្ខុដ៏មានអាយុ ក៏សិងក្នុងទីវាល អស់វេលាយប់ជ្រៅ លុះកន្លងវេលាទៅហើយ ក៏លាងជើង ហើយចូលទៅកាន់វិហារដែរ។ លំដាប់នោះ
ID: 636865103043720703
ទៅកាន់ទំព័រ៖