ព្រះត្រៃបិដក ភាគ ៥២
កំពុងត្រាច់ទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត លុះឃើញហើយ ក៏ឆៀងចូលមករកខ្ញុំព្រះអង្គ លុះចូលមកហើយ និយាយនឹងខ្ញុំព្រះអង្គថា នែអាវុសោអានន្ទ តាំងពីថ្ងៃនេះ ជាដើមទៅ ខ្ញុំវៀរព្រះមានព្រះភាគ វៀរភិក្ខុសង្ឃហើយ នឹងធ្វើឧបោសថ ឬសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន) បពិត្រព្រះអង្គដ៏ចំរើន ទេវទត្ត នឹងបំបែកសង្ឃក្នុងថ្ងៃនេះ នឹងធ្វើឧបោសថ ឬសង្ឃកម្មទាំងឡាយ (ដាច់ដោយខ្លួន)។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
អំពើល្អ មនុស្សល្អ ធ្វើបានដោយងាយ អំពើល្អ មនុស្សអាក្រក់ ធ្វើបានដោយកម្រ អំពើអាក្រក់ មនុស្សអាក្រក់ ធ្វើបានដោយងាយ អំពើអាក្រក់ ពួកព្រះអរិយៈធ្វើបានដោយកម្រ។ សូត្រ ទី៨។
[១២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយភិក្ខុសង្ឃច្រើនរូប។ សម័យនោះ មាណពច្រើននាក់ (ក្មេងៗ) មានសភាពជាអ្នកនិយាយកោកកាក ដើរមកក្នុងទីជិតនៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានឃើញពួកមាណពច្រើននាក់ ដែលកំពុងនិយាយកោកកាក ដើរមកជិតព្រះអង្គ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ID: 636865104060598865
ទៅកាន់ទំព័រ៖