ព្រះត្រៃបិដក ភាគ ៥២
បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឧបាសិកា ជាសាវិការបស់ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តីក្សេមចាកយោគៈ ទ្រទ្រង់ធម៌ ជាពហុស្សុត ប្រព្រឹត្តិធម៌ដ៏សមគួរដល់ធម៌ ប្រតិបត្តិ ដោយសេចក្តីកោតក្រែង ប្រតិបត្តិតាមធម៌ដ៏សមគួរ រៀនយកវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនសង្កត់សង្កិនបានដោយល្អ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ បរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគតបរិនិព្វាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់វាចានេះហើយថា ម្នាលមារចិត្តបាប ព្រហ្មចរិយធម៌របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន ផ្សព្វផ្សាយទូលាយ ដឹងច្រើនគ្នា ក្រាស់ក្រែលដរាបណា ទាំងពួកទេវតា និងមនុស្ស សំដែងបានដោយប្រពៃ ដរាណា តថាគតនឹងមិនទាន់បរិនិព្វាន ដរាបនោះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចរិយធម៌ របស់ព្រះមានព្រះភាគ ខ្ជាប់ខ្ជួន ផ្សព្វផ្សាយទូលាយ ដឹងច្រើនគ្នា ក្រាស់ក្រែលហើយ ទាំងពួកទេវតា និងមនុស្ស ក៏សំដែងបានដោយប្រពៃ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគ បរិនិព្វាន
ID: 636865107100782753
ទៅកាន់ទំព័រ៖