ព្រះត្រៃបិដក ភាគ ៥២
បពិត្រមហារាជ សីល ត្រូវបុគ្គលដឹងដោយការនៅរួមគ្នា សីលនោះឯង គេដឹងបានដោយកាលវែង មិនមែនដឹងបានដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបាន អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ សេចក្តីស្អាត ត្រូវបុគ្គលដឹងបានដោយការនិយាយឆ្លើយឆ្លង ទាំងសេចក្តីស្អាតនោះឯង គេដឹងបាន ដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ កំឡាំងញាណ ត្រូវបុគ្គលដឹងបាន ក្នុងវេលាមានអន្តរាយ ទាំងកំឡាំងញាណនោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។ បពិត្រមហារាជ បញ្ញា ត្រូវបុគ្គលដឹងបានដោយការសាកច្ឆា ទាំងបញ្ញានោះឯង ត្រូវដឹងដោយកាលវែង មិនមែនដឹងដោយកាលបន្តិចបន្តួចទេ កាលកំណត់ក្នុងចិត្ត ទើបអាចដឹងបាន កាលបើមិនបានកំណត់ក្នុងចិត្ត មិនងាយដឹងបានទេ អ្នកជាបណ្ឌិត ទើបអាចដឹងបាន ជនពាលមិនងាយដឹងបានទេ។
ID: 636865108356624583
ទៅកាន់ទំព័រ៖