ព្រះត្រៃបិដក ភាគ ៥២

ទ្រង់​ចូល​ទៅ​រក​មនុស្ស​ខ្វាក់ពីកំណើត​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ ​ត្រាស់​ព្រះរាជឱង្ការ​ទៅ​នឹង​មនុស្ស​ខ្វាក់ពីកំណើត​ទាំងនោះ​ថា​ ​នែ​មនុស្ស​ខ្វាក់ពីកំណើត​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បានឃើញ​ដំរី​ហើយ​ឬ​។​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ ​ឆ្លើយតប​ព្រះរាជឱង្ការ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​។​ ​ព្រះរាជា​ត្រាស់​ថា​ ​នែ​មនុស្ស​ខ្វាក់ពីកំណើត​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​និយាយ​ថា​ ​ដំរី​ ​យើង​ទាំងឡាយ​បានឃើញ​ហើយ​ ​តើ​ដំរី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​ក្បាលដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ដូច​ក្អម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​ស្លឹកត្រចៀក​ដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ដូច​ចង្អេរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​ភ្លុក​ដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ដូច​ផាល​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​ខ្វាក់ពីកំណើត​ណា​ ​ដែល​បានឃើញ​ប្រមោយដំរី​ ​មនុស្ស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី​នេះ​ដូច​យាមនង្គ័ល​។​ ​
​(​១​)​ ​ភ្លុក​ដំរី​ ​គួរ​ប្រដូច​នឹង​អង្រែ​ទើបសម​ ​ឬ​ប្រហែល​ចុង​ភ្លុក​ទេ​ដឹង​ ​បាន​ជា​លោក​ប្រៀប​ថា​ដូច​ផាល​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636865110892979655
ទៅកាន់ទំព័រ៖