ព្រះត្រៃបិដក ភាគ ៥២
អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ។
អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហា គឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ។
ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាអណ្តែតទៅ។ ភ័យរមែងមិនមាន ដល់បុគ្គលអ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបលះចោលហើយ ភ្ញាក់រឭកជានិច្ច។ បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះ ឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ (ក្នុងធម៌នោះ) ឡើយ។
ID: 636864796539949690
ទៅកាន់ទំព័រ៖