ព្រះត្រៃបិដក ភាគ ៥២
មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងក៏មិនមែន មិនទៀងក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍មួយពួកទៀត មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយខ្លួនឯង ក៏មិនមែន អ្នកដទៃធ្វើ ក៏មិនមែន អាស្រ័យបច្ច័យកើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះសូន្យទទេ។ សមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។
ID: 636865119408556718
ទៅកាន់ទំព័រ៖