ព្រះត្រៃបិដក ភាគ ៥២
ជម្លោះ ទាស់ទែង ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះមិនមែនធម៌ យ៉ាងនេះធម៌។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ពួកសមណព្រាហ្មណ៍មួយពួក មិនបានស្គាល់ប្រជុំពីរ នៃទិដ្ឋិនេះថា ពួកសត្វនេះ ខ្វល់ខ្វាយដោយអហង្ការទិដ្ឋិ ប្រកបដោយបរង្ការទិដ្ឋិ ទាំងមិនឃើញទិដ្ឋិនោះ ថាជាព្រួញទេ កាលបុគ្គលអាស្រ័យព្រួញ គឺទិដ្ឋិនុ៎ះ ហើយពិចារណាថា អាត្មាអញធ្វើ (នូវអរិយមគ្គ) ដូច្នេះ ក៏ទេដែរ កាលបុគ្គលនោះ អាស្រ័យព្រួញ គឺទិដ្ឋិនុ៎ះ ពិចារណាឃើញថា អ្នកដទៃធ្វើ (នូវអរិយមគ្គ) ដូច្នេះ ក៏ទេដែរ។ ពួកសត្វនេះ ប្រកបដោយមានះ ចាក់ស្រែះដោយមានះ ព័ទ្ធពន្ធ័ដោយមានះ ធ្វើការផ្ចុងផ្តើម ក្នុងទិដ្ឋិទាំងឡាយ មិនអាចកន្លងសង្សារបានឡើយ។ សូត្រ ទី៦។
[១៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសុភូតិដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយត្រង់ ចូលកាន់សមាធិ ដែលមិនមានវិតក្កៈ ក្នុងទីជិតនៃព្រះមានព្រះភាគ។
ID: 636865120331569511
ទៅកាន់ទំព័រ៖