ព្រះត្រៃបិដក ភាគ ៥២
ព្រះមានព្រះភាគ បានទតឃើញព្រះសុភូតិដ៏មានអាយុ អង្គុយពែនភ្នែន តាំងកាយត្រង់ ចូលកាន់សមាធិ ដែលមិនមានវិតក្កៈ ក្នុងទីជិត។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
វិតក្កៈទាំងឡាយ ដែលអរិយបុគ្គលណា កំចាត់បង់ហើយ សម្រេចហើយ ដោយប្រពៃ ក្នុងសន្តានឥតមានសេសសល់ មិនសំគាល់រូប ព្រោះកន្លងការជាប់ជំពាក់នោះ អរិយបុគ្គលនោះ មិនដល់នូវជាតិ ព្រោះបានកន្លងយោគធម៌ទាំង ៤ ហើយ។ សូត្រ ទី៧។
[១៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង មានមនុស្សពីរពួក ជាអ្នកមានតម្រេក មានចិត្តប្រតិព័ទ្ធនឹងស្រីផ្កាមាសម្នាក់ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នានឹងគ្នាដោយដៃទាំងឡាយខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដំបងទាំងឡាយខ្លះ ប្រហារដោយគ្រឿងសស្រ្តាទាំងឡាយខ្លះ ក្នុងទីនោះ មនុស្សទាំងនោះ ដល់សេចក្តីស្លាប់ខ្លះ ដល់សេចក្តីទុក្ខស្ទើរស្លាប់ខ្លះ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ
ID: 636865120631196649
ទៅកាន់ទំព័រ៖