ព្រះត្រៃបិដក ភាគ ៥២
លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះហើយ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ មានមនុស្សពីរពួក មានតម្រេក មានចិត្តប្រតិព័ន្ធនឹងស្រីផ្កាមាសម្នាក់ មានសេចក្តីប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នានឹងគ្នា ដោយដៃទាំងឡាយខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដំបងទាំងឡាយខ្លះ ប្រហារដោយគ្រឿងសស្រ្តាទាំងឡាយខ្លះ ក្នុងទីនោះ មនុស្សទាំងនោះ ដល់សេចក្តីស្លាប់ខ្លះ ដល់សេចក្តីទុក្ខស្ទើរស្លាប់ខ្លះ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
អារម្មណ៍ណា ដែលបុគ្គលដល់ហើយក្តី អារម្មណ៍ណា ដែលបុគ្គលនឹងដល់ក្តី អារម្មណ៍ទាំងពីរនុ៎ះ រោយរាយ ដោយធូលី គឺរាគាទិកិ្កលេស របស់បុគ្គលអ្នកក្តៅក្រហាយ កាលសិក្សារឿយ ៗ ជនទាំងឡាយណា មានការសិក្សាជាខ្លឹម សីលព្វត ជីវិត ព្រហ្មចរិយៈ និងការបម្រើជាខ្លឹម នេះជាផ្លូវលាមក ទី១។ ជនទាំងឡាយណា មានវាទៈយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយ មិនមានទេ នេះជាផ្លូវលាមក ទី២។
ID: 636865120856519536
ទៅកាន់ទំព័រ៖