ព្រះត្រៃបិដក ភាគ ៥២
ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ នឹងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ខបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះ។
ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចព្រេញថ្ងៃ គប្បីកាត់នូវផ្កាជាប្រធាននៃមារ គឺវដ្ដៈ ៣ ទៅកាន់ស្ថានជាទីមិនឃើញនៃមច្ចុរាជ។
មច្ចុ គឺសេចក្តីស្លាប់ តែងគៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង។
អ្នកធ្វើទីបំផុត គឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុ៎ះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន។
ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌ និងក្លិនឲ្យវិនាសទេ ក្រេបយកតែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង។
ID: 636864797484663724
ទៅកាន់ទំព័រ៖