ព្រះត្រៃបិដក ភាគ ៥២
ជនទាំងឡាយ ដែលងងឹតព្រោះកាម ដែលបណ្តាញ គឺតណ្ហា រួបរឹត ត្រូវដម្បូល គឺតណ្ហាបិទបាំង ជាប់នៅដោយកិលេសមារ ដូចជាពួកត្រីនៅក្នុងលប តែងដល់នូវជរា និងមរណៈ ដូចជាកូនគោនៅបៅដោះ តែងចូលទៅរកមេ។ សូត្រ ទី៤។
[១៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ អំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះលកុណ្ឋកភទ្ទិយៈដ៏មានអាយុ មានរូបប្លែក មិនគួរជ្រះថ្លា ទាបកន្តុញ មានរូបគួរឲ្យភិក្ខុជាច្រើន ចាប់ពាល់លេង កំពុងដើរមកអំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន អំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុនុ៎ះ ដែលមានរូបប្លែក មិនគួរជ្រះថ្លា ទាបកន្តុញ មានរូបគួរឲ្យពួកភិក្ខុជាច្រើន ចាប់ពាល់លេង កំពុងដើរមក អំពីខាងក្រោយ ៗ នៃពួកភិក្ខុជាច្រើន អំពីចម្ងាយដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ មានឫទ្ធិច្រើន មានអានុភាពច្រើន
ID: 636865123254266680
ទៅកាន់ទំព័រ៖