ព្រះត្រៃបិដក ភាគ ៥២
សមាបត្តិណា ដែលភិក្ខុនោះមិនធ្លាប់បាន សមាបត្តិនោះ មិនមែនបុគ្គលបានដោយងាយទេ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ទៅបួសក្នុងផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ភិក្ខុនោះ បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់អនុត្តរធម៌នោះ មានព្រហ្មចរិយៈ ជាទីបំផុត ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដែរ។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
រថ គឺអត្តភាព មានអវៈយវៈឥតទោស មានដម្បូលស មានកាំតែមួយ រមែងប្រព្រឹត្តទៅបាន អ្នកចូរមើលអត្តភាព (នោះ) មានខ្សែ គឺតណ្ហាកាត់ហើយ មិនមានចំណង មិនមានទុក្ខ កំពុងដើរមក។ សូត្រ ទី៥។
[១៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះអញ្ញាតកោណ្ឌញ្ញដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ក្នុងទីជិតនៃព្រះមានព្រះភាគ ហើយពិចារណា តណ្ហាសង្ខយវិមុត្តិ គឺនិព្វាន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះអញ្ញាតកោណ្ឌញ្ញដ៏មានអាយុ អង្គុយពែនភ្នែន តម្រង់កាយត្រង់ ក្នុងទីជិត ហើយពិចារណាតណ្ហាសង្ខយវិមុត្តិ។
ID: 636865123593176064
ទៅកាន់ទំព័រ៖