ព្រះត្រៃបិដក ភាគ ៥២
ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ អណ្តូងនោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថូនៈ យកស្មៅ និងអង្កាម ចាក់បំពេញដរាបដល់មាត់ ដោយគិតថា កុំឲ្យសមណៈត្រងោលទាំងនោះផឹកទឹកបាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ប្រើព្រះអានន្ទដ៏មានអាយុ ជាគំរប់បីដងទៀតថា ម្នាលអានន្ទ អ្នកចូរទៅដងទឹក អំពីអណ្តូងនុ៎ះ មកឲ្យតថាគត។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់បាត្រ ដើរចូលទៅត្រង់អណ្តូងនោះ។ កាលបើព្រះអានន្ទដ៏មានអាយុ ចូលទៅ ក៏ស្រាប់តែអណ្តូងខ្ពុរស្មៅ និងអង្កាមទាំងអស់នោះ ចេញអំពីមាត់ ពេញពោរដោយទឹកថ្លាមិនល្អក់ ស្អាតដរាបដល់មាត់វិញ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើ អស្ចារ្យណាស់ហ្ន៎ អើចំឡែកណាស់ហ្ន៎ ព្រះតថាគតមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា អណ្តូងនេះ កាលអាត្មាអញ ចូលទៅជិត ក៏ស្រាប់តែខ្ពុរស្មៅ និងអង្កាមទាំងអស់នោះ ចេញអំពីមាត់ ទៅជាពេញពោរដោយទឹកថ្លា
ID: 636865124811225733
ទៅកាន់ទំព័រ៖