ព្រះត្រៃបិដក ភាគ ៥២
សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវធម្មទេសនាទាំងអស់ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលានោះថា
ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ(១) មានប្រាកដ ម្នាលភិក្ខុទាំងឡាយ ប្រសិនណាបើព្រះនិព្វាននោះឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ មិនមានទេ ការរលាស់ចេញនូវកិលេស ដែលនាំឲ្យកើតមហាភូតរូប ដែលប្រាកដនូវហេតុ ដែលធ្វើនូវបច្ច័យដែលតាក់តែង ក្នុងលោកនេះ ក៏មិនប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វាន ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ រមែងមានប្រាកដ ព្រោះហេតុណា
(១) ព្រះនិព្វានដែលឈ្មោះថា អជាតៈ នោះ ព្រោះមិនមានសេចក្តីព្រមព្រៀង ដោយហេតុនាំឲ្យកើតទៀត។ ដែលឈ្មោះថា អភូតៈ នោះ បានដល់ការមិនប្រាកដនៃមហាភូតរូប។ ដែលឈ្មោះថា អកតៈ នោះ គឺមិនមានហេតុណាមួយ គួរធ្វើតទៅទៀតទេ។ ដែលឈ្មោះថា អសង្ខតៈ នោះ គឺប្រាសចាកបច្ច័យទាំងឡាយ មានអវិជ្ជាជាដើម។ អដ្ឋកថា។
ID: 636865126931897028
ទៅកាន់ទំព័រ៖