ព្រះត្រៃបិដក ភាគ ៥២
ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយសេ្តចចូលទៅកាន់លំនៅនៃចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់នឹងចុន្ទកម្មារបុត្តថា ម្នាលចុន្ទ សូករមទ្ទវៈណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសតថាគត ដោយសូករមទ្ទវៈ នោះចុះ ឯខាទនីយភោជនីយាហារណា ក្រៅពីនេះ ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសចំពោះភិក្ខុសង្ឃដោយខាទនីយភោជនីយាហារនោះចុះ។ ចុន្ទកម្មារបុត្ត ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយអង្គាសព្រះមានព្រះភាគដោយសូករមទ្ទវៈ ដែលខ្លួនតាក់តែងហើយ អង្គាសភិក្ខុសង្ឃ ដោយខាទនីយភោជនីយាហារដទៃ ដែលខ្លួនតាក់តែងហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងចុន្ទកម្មារបុត្តថា ម្នាលចុន្ទ សូករមទ្ទវៈណា របស់អ្នកដែលនៅសល់ អ្នកចូរកប់សូករមទ្ទវៈនោះ ក្នុងរណ្តៅចុះ ម្នាលចុន្ទ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញបុគ្គលណាមួយ ដែលបរិភោគនូវសូករមទ្ទវៈនោះហើយ សូរកមទ្ទវៈនោះ ដល់នូវការរលួយទៅដោយល្អឡើយ វៀរលែងតែព្រះតថាគតចេញ។
ID: 636865128198359466
ទៅកាន់ទំព័រ៖